Featured Articles
All Stories

Tuesday, July 10, 2018

សំណួរ-ចម្លើយ ៖ ADN ជាទម្រព័ត៌មានសេនេទិច


មេរៀនទី ១ ADN ជាទម្រព័ត៌មានសេនេទិច
    1.         ចូរនិយាយពីលក្ខណៈរបស់បាក់តេរី។
+ បាក់តេរី ជាសារពាង្គកាយឯកកោសិកាប្រូការីយ៉ូត។ វាគ្មាន ណ្វៃយ៉ូពិតប្រាកដ ហើយសំភារៈតំណពូជ (ADN) ផ្ដុំនៅផ្នែក កណ្ដាលនៃ​​កោសិកា។ បាក់តេរីរស់នៅជាស្វ័យជីព សាប្រូភីត ឬ បរាសិតខ្លះមានប្រយោជន៍ ខ្លះចង្រៃ។ វាមានរូបរាងជាដំបង ឬ ស្វ៊ែ ឬស្ពៀរ។ បាក់តេរី បន្តពូជដោយភេទ (ជំនាប់ប្ដូរ) និង ឥតភេទ (បំបែកខ្លួនជាពីរ)។
    2.         ចូរនិយាយពីលក្ខណៈរបស់វីរុស។
+វីរុស ជាមីក្រូសារពាង្គកាយបន្តពូជបានតែនៅក្នុងកោសិកា​មានជីវិត។ វាមានពីរផ្នែក គឺស្រោម​ប្រូតេអ៊ីន​សម្រាប់ការពារ និងស្នូលខាងក្នុងជាសំភារៈតំណពូជ (ADNARN)។ គ្រប់ វីរុសទាំងអស់សុទ្ធតែចង្រៃ។
    3.         ដូចម្ដេចហៅថា បាក់តេរីយ៉ូផាស?
+បាក់តេរីយ៉ូផាស ជាវីរុសដែបរាសិតលើបាក់តេរី។
    4.         តើគ្រីភីតជានរណា? គាត់ធ្វើការពិសោធទៅលើអ្វី? នៅឆ្នាំណា?
+ លោកគ្រីភីត ជាបាក់តេរីវិទូសញ្ជាតិអង់គ្លេស។ គាត់ធ្វើការពិសោធទៅលើបាក់តេរីភ្នឺម៉ូកូក។ នៅឆ្នាំ 1931
    5.         អ្វីជា បាក់តេរីភ្នឺម៉ូកូក? វាមានរូបរាងប៉ុន្មានបែប? ចូររៀបរាប់។
+បាក់តេរីភ្នឺម៉ូកូក ជាបាក់តេរីបង្កជម្ងឺរលាកសួត។ វាមានរូបរាង ពីរបែបគឺៈ
-      រូបរាង S មានស្រោមហៅថា បាក់តេរី S បង្កជម្ងឺ
-      រូបរាង R គ្មានស្រោមហៅថា បាក់តេរី R​ មិនបង្កជម្ងឺទេ។
    6.         ចូរនិយាយពីការពិសោធរបស់លោកគ្រីភីត។
+ គាត់សម្លាប់បាក់តេរី S ដោយកម្ដៅ រួចលាយជាមួយបាក់តេរី R។ បន្ទាប់មកយកល្បាយនោះ​​ចាក់ក្នុងខ្លួនកណ្ដុរ ។ កណ្ដុរនោះ ស្លាប់ដោយ​​ជម្ងឺរលាក​​សួត។ គាត់សនិ្នដ្ឋានថា បាក់តេរី S បញ្ជូន សារធាតុមួយឲ្យទៅបាក់តេរី R ធ្វើអោយបាក់តេរី R មានស្រោមបង្កជម្ងឺ​ រួចបញ្ជូនលក្ខណៈថ្មីនេះទៅសន្ដានក្រោយ។
    7.         តើក្នុងអំឡុងឆ្នាំ 1944 លោកអាវឺរី ម៉ាកឡេអូដ និងម៉ាកាធីបាន ធ្វើការពិសោធដើម្បីអ្វី?
+ ក្នុងអំឡុងឆ្នាំ 1944 លោកអាវឺរី ម៉ាកឡេអូដ និងម៉ាកាធីបាន ធ្វើការពិសោធ ដើម្បីរកសារធាតុ​បំលែង​ក្នុងការពិសោធន៍របស់គ្រីភីតថា ជាម៉ូលេគុលអ្វី?
    8.         ចូរនិយាយការពិសោធនៃលោកអាវឺរី ម៉ាកឡេអូដ និងម៉ាកាធី។
+ អាវឺរីទាញយក ADN ពីបាក់តេរី ​S ​តាមបច្ចេកទេសគីមីដោយ​​​យកទៅលាយជាមួយបាក់តេរី R រួចយកល្បាយនោះចាក់ឲ្យកណ្ដុរ កណ្ដុរនោះស្លាប់ដោយសារជម្ងឺរលាកសួត ឈាមរបស់វាមានបាក់តេរី S មានជីវិត គាត់សនិ្នដ្ឋានថាៈ
-   ADN បាក់តេរី S ជ្រៀតចូលបាក់តេរីR ធ្វើអោយបាក់តេរី R មានលក្ខណៈថ្មីគឺ មានស្រោម បង្កើតបានបាក់តេរី S
-   ADN បាក់តេរី S ជាម៉ូលេគុលបំប្លែង។
-   ADN ជាទម្រព័ត៌មានសេនេទិច។
    9.         តើសារធាតុបំលែងរបស់បាក់តេរី S ជាអ្វី? ហេតុអ្វីបានជាបាក់តេរី R អាចសំយោគស្រោមគ្លុយស៊ីតបាន?
+ សារធាតុបំលែងនៃបាក់តេរី S ជា ADNបានជាបាក់តេរី R អាច​​​​​​​​​សំយោគស្រោមគ្លុយស៊ីតបាន ព្រោះវាទទួលយក ADN ពីបាក់តេរី S
 10.         តើ ADN បាក់តេរី S ផ្ទុកអ្វីដែលសំយោគស្រោមគ្លុយស៊ីតបាន?
+ ADN បាក់តេរី S ផ្ទុកព័ត៌មានសេនេទិចដែលជាប្លង់សាងសង់ស្រោមរបស់បាក់តេរី S
 11.         តើវិទ្យាស្ថានឈ្មោះអ្វី ហើយស្ថិតក្នុងប្រទេសណាដែលបានកំណត់ថា សារធាតុបំលែងក្នុង​ពិសោធលោក​គ្រីភីត​ជា ADN?
+ វិទ្យាស្ថានដែលបានកំណត់ថា សារធាតុបំលែងក្នុងពិសោធ​លោកគ្រីភីតជា ADN គឺឈ្មោះរ៉ុកកេឡឺ (Rockeller) សហរដ្ឋ​អាមេរិក។
 12.         អំឡុងឆ្នាំ 1952 ហឺស៊ី និងឆាសបានធ្វើការពិសោធមួយ តើពួក គាត់បានប្រើប្រាស់វីរុសឈ្មោះអ្វី? ដើម្បីអ្វី? ហើយ​វីរុសនោះ មានលក្ខណៈដូចម្ដេច?
+អំឡុងឆ្នាំ 1952 ហឺស៊ី និងឆាសបានធ្វើការពិសោធមួយ ពួកគាត់ បានប្រើប្រាស់វីរុស​ឈ្មោះវីរុស​បាក់តេរី​យ៉ូផាសឬ ផាស ដើម្បីបញ្ជាក់​​ថា ADN ពិតជាទម្រព័ត៌មានសេនេទិច។ ហើយវីរុសនោះបង្កដោយ​ស្នូល​កណ្ដាលជា ADN និងស្រោម ប្រូតេអ៊ីន​​នៅខាងក្រៅ។
 13.         ចូរនិយាយពីការពិសោធរបស់លោកហឺស៊ី និងឆាស។
+ គាត់រៀបចំវីរុសពីរក្រុម មួយ​ក្រុមភ្ជាប់ស្ពាន់ធ័រវិទ្យសកម្ម 35 ទៅនឹង​​ស្រោមប្រូតេអ៊ីន ហើយមួយ​ក្រុមទៀតភ្ជាប់ផូស្វ័រវិទ្យុ សកម្ម 32 ទៅនឹង ADN។ គាត់ភ្ជាប់​វីរុសទាំងពីរ​ក្រុមទៅនឹង បាក់តេរី។ ក្រោយពិសោធន៍ ស្ពាន់ធ័រវិទ្យុសកម្ម 35 ស្ទើរទាំង អស់សល់ក្នុងវីរុស ឯផូស្វ័រ​វិទ្យុសកម្ម 32 ស្ទើទាំងអស់ត្រូវបាន​បញ្ចូលទៅក្នុងបាក់តេរីADN ស្វ័យដំឡើងទ្វេ និងសំយោគប្រូតេអ៊ីនដែលបង្កជាវីរុសថ្មីៗជាច្រើន។ គាត់​សន្និដ្ឋានថា វីរុសបញ្ចូល ADN ទៅក្នុងបាក់តេរី។ ដូចនេះ ADN ពិត​ជា​ទម្រ​ព័ត៌មានសេនេទិច។
 14.         តើទម្រង់ ADN ត្រូវបានរកឃើញក្នុងឆ្នាំណា? ដោយអ្នកណា?
+ទម្រង់ ADN ត្រូវបានរកឃើញក្នុងអំឡុងឆ្នាំ 1920។ ដោយ លោក ឡឺវ៉ែន (Levene) គាត់ជាគីមីជីវវិទូ។
 15.         តើធាតុបង្ករបស់ ADN មានអ្វីខ្លះ?
+ ធាតុបង្ករបស់ ADN មានៈ
-      អាស៊ីតផូរស្វរិច (H​3PO4)
-      ស្ករដេអុកស៊ីរីបូស (C5H10O4)
-      បាសអាសូត (A,T,C,G)
 16.         តើនុយក្លេអូទីតរបស់ ADN មានប៉ុន្មានប្រភេទ? ព្រោះអ្វី?
+ នុយក្លេអូទីតរបស់ ADN មានបួនប្រភេទ ព្រោះដោយសារ បាសអាសូតមានបួនប្រភេទ។
 17.         តើស្ករប៉ង់តូស ជាស្ករដូចម្ដេច? វាមានប៉ុន្មានក្រុម? អ្វីខ្លះ?
+ ស្ករប៉ង់តូស ជាស្ករមានអាតូមកាបូន៥ ហើយវាមានពីរក្រុមគឺ
-      ស្ករដេអុកស៊ីរីបូស (C5H10O4) សម្រាប់ ADN
-      ស្កររីបូស (C5H10O5) សម្រាប់ ARN
 18.         តើនុយក្លេអូទីតជាអ្វី? តើវាផ្សំឡើងពីធាតុអ្វីខ្លះ?​ តើវាមានប៉ុន្មានប្រភេទ?​
+នុយក្លេអូទីត ជាឯកតានៃធាតុបង្ករបស់ ADN។ នុយ​ក្លេអូទីត​នីមួយៗផ្សំឡើងដោយអាស៊ីតផូស្វរិចមួយម៉ូលេគុល បាសអាសូត​មួយម៉ូលេគុល និងស្ករដេអុកស៊ីរីបូសមួយម៉ូលេគុល។ ដោយបាស​អាសូត​មានបួនប្រភេទគឺ A, T, C, G។ ដូចនេះ នុយក្លេអូទីតក៏មាន បួនប្រភេទដែរ។
 19.         ហេតុអ្វីបានជានុយក្លេអូទីតតែបួនប្រភេទអាចបង្កើត ADN ខុស គ្នាជាច្រើន?
+បានជានុយក្លេអូទីតតែបួនប្រភេទអាចបង្កើត ADN ខុសគ្នាជា ច្រើន ព្រោះ ADN នីមួយៗកើតពីនុយក្លេអូទីតរាប់ម៉ឺនដែល តម្រៀបគ្នាទៅតាមតំណលំដាប់នុយក្លេអូទីតជាក់លាក់។ ADNនីមួយៗខុសៗគ្នាដោយសារចំនួន ប្រភេទ និងទីតាំង នុយក្លេអូទីត។
 20.         តើបាសអាសូតមានប៉ុន្មានក្រុម?​ អ្វីខ្លះ?
+ បាសអាសូតមាន 2 គឺបាសពួរីន (A,G) និងបាសពីរីមីឌីន (T,C)
 21.         តើនៅឆ្នាំ 1951 សាហ្កាវ (Chargaff) គីមីជីវវិទូជាតិអាមេរិកបាន បង្ហាញពីអ្វី?
+ នៅឆ្នាំ 1951 សាហ្កាវ (Chargaff) គីមីជីវវិទូជាតិអាមេរិកបាន បង្ហាញពីនូវបរិមាណបាសអាសូតក្នុង ADN របស់ភាវរស់។
 22.         ចូរពន្យល់ពីតារាងរបស់លោកសាហ្កាវ។
+ តារាងរបស់លោកសាហ្កាវបង្ហាញពីៈ
- បរិមាណបាសអាសូតប្រែប្រួលទៅតាមប្រភេទភាវរស់។
- បាស A និង T ប្រហាក់ប្រហែលគ្នាគឺ A=T បាស C និង G ប្រហាក់ប្រហែលគ្នាគឺ C=G
- បាសអាសូតមានពីរក្រុមគឺក្រុមពួរីន(A, G)​ និងក្រុមពីរីមីឌីន(T, C)
- ផលបូករវាងបាសក្នុងក្រុមពួរីន (A+G) មាន 50% និងបាសក្នុងក្រុមពីរីមីឌីន (T+C) មាន 50%
 23.         តើមានអ្នកវិទ្យាសាស្រ្តផ្សេងទៀតទេ ដែលបានសិក្សាទម្រង់ ADN ក្រៅ​​ពីលោក ឡឺវ៉ែន។
+ក្រៅ​​ពីលោក ឡឺវ៉ែន ក៏នៅមានអ្នកវិទ្យាសាស្រ្តផ្សេងទៀតដែលបានសិក្សាទម្រង់ ADN គឺលោក វីល គីន (Wilkins) និង លោកស្រីហ្វ្រង់គ្លីន (Franklin) នៅទីក្រុងឡុងក្នុងឆ្នាំ 1950
 24.         តើអ្នកវិទ្យាសាស្ត្ររូបណាដែលបានសាកល្បងបង្កើតគំរូ ADN? នៅក្នុងអំឡុងឆ្នាំណា?
+ អ្នកវិទ្យាសាស្ត្រដែលបានសាកល្បងបង្កើតគំរូ ADN គឺ លោក វ៉ាត់ សុន (Watson) ជាគីមីជីវវិទូជាតិអាមេរិក និងលោក គ្រីក (Crick) ជារូបវិទូជាតិអង់គ្លេស។ ក្នុងអំឡុងឆ្នាំ1953
 25.         តើហ្វ្រង់គ្លីន វ៉ាត់សុន និងគ្រីកទទួលរង្វាន់ណូបែលនៅឆ្នាំំណា ?
+លោកស្រីហ្វ្រង់គ្លីន វ៉ាត់សុន និងគ្រីកទទួលបានរង្វាន់ ណូបែលនៅ ឆ្នាំ 1962
 26.         ក្នុងច្រវាក់នីមួយៗរបស់ ADN តើនុយក្លេអូទីតភ្ជាប់គ្នាដោយ សារអ្វី?
+ ក្នុងច្រវាក់នីមួយៗរបស់ ADN នុយក្លេអូទីតនីមួយៗភ្ជាប់គ្នា ដោយសារសម្ព័ន្ធកូវ៉ាឡង់​រវាងអាស៊ីត​ផូស្វរិច​នៃនុយ ក្លេអូទីត មួយទៅនឹងស្ករដេអុកស៊ីរីបូសនៃនុយក្លេអូទីតមួយទៀត។
 27.         តើច្រវាក់ទាំងពីររបស់ ADN ភ្ជាប់គ្នាដោយសារអ្វី?
+ច្រវាក់ទាំងពីររបស់ ADN ភ្ជាប់គ្នាដោយសារសម្ព័ន្ធអ៊ីដ្រូសែន រវាងបាសពីរបំពេញគ្នាគឺ A បំពេញ T ដោយសម្ព័ន្ធអ៊ីដ្រូសែនពីរ និង C បំពេញ G ដោយសម្ព័ន្ធអ៊ីដ្រូសែនបី។
 28.         តើសម្ព័ន្ធអ៊ីដ្រូសែនជាសម្ព័ន្ធដូចម្ដេច?
+សម្ព័ន្ធអ៊ីដ្រូសែន ជាសម្ព័ន្ធខ្សោយ ព្រោះងាយដាច់នៅពេល ADN ស្វ័យដំឡើងទ្វេ និងសំយោគ ARNm
 29.         ចូរបកស្រាយពីគំរូ ADN របស់លោកវ៉ាត់សុន និងគ្រីក
+  ADN កើតពីច្រវាក់នុយក្លេអូទីតពីរខ្សែស្របគ្នារុំជារង្វេល ជុំវិញអ័ក្សមួយមានអង្កត់ផ្ចិត2nm។ ច្រវាក់​នុយ​ក្លេអូទីត​ម្ខាងៗ របស់ ADN ​នុយក្លេអូទីតភ្ជាប់គ្នាដោយសម្ព័ន្ធកូវ៉ាឡង់រឹងមាំរវាង H3PO4 នៃនុយក្លេអូទីត​មួយ​ទៅនឹងស្ករ C5H10O4 នៃនុយក្លេអូទីត មួយទៀត។ ច្រវាក់ទាំងពីររបស់ ADN ភ្ជាប់គ្នាដោយសារសម្ព័ន្ធ អ៊ីដ្រូសែនខ្សោយ ត្រង់​បាសពីរបំពេញគ្នាគឺ A បំពេញ T ភ្ជាប់ ដោយសម្ព័ន្ធអ៊ីដ្រូសែន 2 (A=T) និង C និង G ភ្ជាប់​ដោយ សម្ព័ន្ធអ៊ីដ្រូសែន 3 (C G)
 30.         តើ ADN មានលក្ខណៈពិសេសដូចម្ដេចខ្លះ?
 +  ADN មានលក្ខណៈពិសេសដួចជាៈ
-   ឯកត្តៈក្នុងប្រភេទមួយមាន ADN ខុសៗគ្នា ដោយ​សារ​តំណ​លំដាប់នុយក្លេអូទីត (ចំនួន ប្រភេទ និងទីតាំង)
-   ឯកត្តៈក្នុងប្រភេទតែមួយបរិមាណ ADN ថេរជានិច្ច ​។
-   បរិមាណ ADN ប្រែប្រួលពីប្រភេទមួយទៅប្រភេទ​មួយទៀត ។
-   បរិមាណ  ADN ប្រែប្រួលតាមប្រភេទកោសិកា​ (ADN កោសិកា​បន្ត​ពូជថយចុះពាក់​កណ្ដាល​បើ​ធៀប​នឹង​កោសិកា លូតលាស់)
 31.         ដូចម្ដេចហៅថា ស្វ័យដំឡើងទ្វេ ADN ?
+  ស្វ័យដំឡើងទ្វេ ADN ជាបាតុភូតដែលម៉ូលេគុល ADNមេមួអាចបង្កើតដោយខ្លួនឯងនូវ ADN កូនពីរ ដែលដូចគ្នា បេះបិទ ហើយដូចទៅនឹងម៉ូលេគុល ADN​ មេ។​
 32.         ហេតុអ្វីបានជាគេនិយាយថា ការស្វ័យដំឡើងទ្វេ ADN ជាការស្វ័យដំឡើងទ្វេតាម​របៀបពាក់​កណ្ដាលរក្សា​ទុក​?
+ បានជាគេនិយាយថា ការស្វ័យដំឡើងទ្វេ ADN ជាការស្វ័យ ដំឡើងទ្វេតាមរបៀបពាក់កណ្ដាលរក្សាទុក ព្រោះ ADN មេរក្សា ទុក ច្រវាក់ម្ខាងរបស់ខ្លួនធ្វើជាពុម្ពគំរូសម្រាប់បង្កើតច្រវាក់ថ្មីក្នុង ADN កូន។ ដូចនេះ ADN កូននីមួយៗមានច្រវាក់ម្ខាងជាច្រវាក់ មេ ច្រវាក់ម្ខាងទៀតកើតថ្មី។
 33.         ក្រោយពេលស្វ័យដំឡើងទ្វេហើយ ហេតុអ្វីបានជា ADN កូន ទាំងពីរ ដូចបេះបិទទៅនឹង ADN មេ?
+ក្រោយពេលស្វ័យដំឡើងទ្វេហើយ បានជា ADN កូនទាំងពីរដូច បេះបិទទៅនឹង ADN ព្រោះ​នៅពេលស្វ័យដំឡើងទេ្វច្រវាក់ទាំង​ពីរនៃ ADN មាននាទីជាពុម្ពគំរូ ឯនុយក្លេអូទីតសេរីរត់ទៅបំពេញ តាមគោល ការណ៍​បំពេញបាស A-T; C-G។ ហេតុនេះ គេបាន ADN កូន​ពីរដែលកូន នីមួយៗ​មានច្រវាក់ម្ខាងជាច្រវាក់ពុម្ពគំរូរបស់ ADN មេ ឯច្រវាក់ម្ខាងទៀតច្រវាក់កើតថ្មី គឺវាដូចគ្នាបេះបិទ ហើយដូច ADN មេ​ទៀត។
 34.         ចូរនិយាយពីចលនការស្វ័យដំឡើងទ្វេ ADN
+ ចលនការដំឡើងទ្វេADN គឺ
- ដំបូងច្រវាក់ទាំងពីររបស់ ADN ចាប់ផ្ដើមរលា។
- ច្រវាក់ទាំងពីររបស់ ADN ត្រូវបែកចេញពីគ្នាដោយការផ្ដាច់សម្ព័ន្ធ អ៊ីដ្រូសែនខ្សោយ។
- នុយក្លេអូទីតសេរីដែលនៅក្នងណ្វៃយ៉ូរត់ ទៅភ្ជាប់ជាមួយនឹងនុយ ក្លេអូទីតរបស់ ADN មេក្នុង​ច្រវាក់​ម្ខាងៗតាមគោលការណ៍បំពេញ បាស A-T; C-G​។ សំណុំប្រតិកម្មទាំងនេះស្ថិតនៅក្រោមអំពើ របស់អង់ស៊ីម ADN​ ប៉ូលីមេរ៉ាស
 35.         តើដំឡើងទ្វេ ADN ក្នុងប្រូការីយ៉ូតប្រព្រឹត្តទៅដូចម្ដេច?
+ស្វ័យដំឡើងទ្វេប្រព្រឹត្តទៅដោយចេញពីចំណុចតែមួយ រួច​ញែកទៅតាមទិសដៅពីរ​ផ្ទុយ​គ្នា។បាក់តេរីអាច​ដំឡើងទ្វេល្បឿន ប្រហែល 106 គូ​បាស​​​​​​ក្នុងមួយនាទី។
 36.         តើដំឡើងទ្វេ ADN ក្នុងអឺការីយ៉ូតប្រព្រឹត្តទៅដូចម្ដេច?
+ស្វ័យដំឡើងទ្វេប្រព្រឹត្តទៅដោយចេញពីចំណុចជាច្រើន ក្រោមរូប  ភាពភ្នែកស្វ័យដំឡើងទ្វេ រួចញែក​តាមទិស​ដៅផ្ទុយ គ្នារហូតដល់វា​ជួប​គ្នា។ ដំឡើងទ្វេមានសភាពយឺតល្បឿន ប្រហែល 500-5000 ​គូបាសក្នុងមួយនាទី។
 37.         តើស្វ័យដំឡើងទ្វេ ADN មាននាទីអ្វីខ្លះ?
+  ស្វ័យដំឡើងទ្វេ ADN មាននាទីៈ
-      រ៉ាប់រងដំឡើងទ្វេក្រូម៉ូសូម។
-      រក្សាចំនួន និងរូបរាងក្រូម៉ូសូមអោយនៅថេរ។
-      រក្សាព័ត៌មានសេនេទិច។

                                                       ចប់