Tuesday, July 10, 2018

សំណួរ-ចម្លើយ ៖ មេរៀនទី ២៖ អង់ស្យូស្ពែម


សំណួរ-ចម្លើយ
មេរៀនទី ២ អង់ស្យូស្ពែម
        I.      អង់ស្យូស្ពែម
1.   តើអ្វីទៅជា អង់ស្យូស្ពែម?
ចំ. អង់ស្យូស្ពែម ជារុក្ខជាតិមានគ្រាប់ការពារដោយសំបក ឬជារុក្ខ​ជាតិមានគ្រាប់ក្នុងផ្លែ។
2.   តើរុក្ខជាតិមានគ្រាប់ដែលមានកំណើតមុនគេគឺអ្វី? តើវាកើត​ឡើងនៅស័កណា? សម័យកាលណា?
ចំ. រុក្ខជាតិមានគ្រាប់ដែលមានកំណើតមុនគេលើផែនដីគឺស៊ីមណូស្ពែម។ វាកើត​ឡើងលើផែនដី​តាំង​ពីពាក់​កណ្ដាល​​ស័កទី ក្នុង​សម័យ​​កាលស៊ីលុយរ្យាង និងដេវ៉ូញាង
3.   ហេតុអ្វីបានជាគេចាត់ទុកអង់ស្យូស្ពែម ជាសាខាធំបំផុតនៃ រជ្ជៈរុក្ខជាតិ?
ចំ. បានជាគេចាត់ទុកអង់ស្យូស្ពែមជាសាខាធំបំផុតនៃរជ្ជៈរុក្ខជាតិ ព្រោះអង់ស្យូស្ពែម​ដុះគ្រប់ទីកន្លែង​នៅ​លើ​ផែនដីជាងពាក់កណ្ដាលនៃរុក្ខជាតិទាំងអស់ជាអង់ស្យូស្ពែម។
      II.      លក្ខណៈពិសេសនៃអង់ស្យូស្ពែម
1.   តើអង់ស្យូស្ពែមមានលក្ខណៈពិសេសអ្វីខ្លះ?
ចំ. អង់ស្យូស្ពែមមានលក្ខណៈពិសេស ២ យ៉ាងគឺ
-        ផ្កាៈ ជាសរីរាង្គភេទ
-        គ្រាប់ៈ ការពារដោយសំបក។
2.   តើឬសរបស់រុក្ខជាតិមាននាទីអ្វីខ្លះ?
ចំ. ឬសរបស់រុក្ខជាតិមាននាទី យ៉ាងគឺៈ
-   ស្រូបទឹក និងអំបិលខនិជទៅដើម និងស្លឹក
-   ភ្ជាប់រុក្ខជាតិទៅនឹងដី
-   ស្តុកអាហារ។
3.   តើដើមរបស់រុក្ខជាតិមាននាទីអ្វីខ្លះ?
ចំ. ដើមរបស់រុក្ខជាតិមាននាទីយ៉ាងគឺៈ
-    ទ្រទ្រង់ផ្នែកលើដីនៃរុក្ខជាតិ
-    នាំសារធាតុខនិជពីឬសទៅស្លឹក
-    ស្ដុកអាហារ
-    ធ្វើរស្មីសំយោគ។
4.   តើស្លឹកមាននាទីដូចម្ដេចខ្លះ?
ចំ. ស្លឹកមាននាទីៈ
-   ធ្វើរស្មីសំយោគ
-   បណ្ដូរឧស្ម័ន និងបញ្ចេញចំហាយទឹក។
5.   ចូរពណ៌នាពីទម្រង់ក្នុងរបស់ស្លឹក។
ចំ. ពណ៌នាពីទម្រង់ក្នុងរបស់ស្លឹកៈ
     ក្នុងស្លឹកមានស្រទាប់កោសិកាបីប្រភេទខុសៗគ្នាគឺៈ
-     ស្រទាប់អេពីឌែមលើ និងក្រោមៈ មានស្តូម៉ាត
-     ស្រទាប់ប៉ាលីសាតៈ មានក្លរ៉ូប្លាសផ្ទុកក្លរ៉ូភីល
-     ស្រទាប់ស្ពោតៈ ផ្ទុកសរសៃស៊ីឡែម និងផ្លូអែម។
6.   តើបាច់សរសៃនាំរបស់រុក្ខជាតិមានប៉ុន្មានយ៉ាង? អ្វីខ្លះ? តើបាច់​​សរសៃនាំនីមួយៗមាននាទីអ្វីខ្លះ?
ចំ. បាច់សរសៃនាំរបស់រុក្ខជាតិមានពីរយ៉ាងគឺៈ
-  ស៊ីឡែមៈនាំទឹកនិងសារធាតុខនិជពីឬសតាមដើមទៅស្លឹក។
-  ផ្លូអែមៈ នាំអាហារទៅ​គ្រប់កោសិកាទាំងអស់ដែលមិនអាច ធ្វើរស្មីសំយោគបាន។
7.   តើស៊ីឡែម និងផ្លូអែមកើតឡើងពីស្រទាប់កោសិកាអ្វី? តើស្រទាប់កោសិកានេះស្ថិតនៅដូចម្ដេច?
ចំ. ស៊ីឡែម និងផ្លូអែមកើតឡើងពីស្រទាប់កោសិកាមេ។  ស្រទាប់​កោសិកា​នេះស្ថិតនៅចន្លោះស៊ីឡែម និងផ្លូអែម។
8.   តើផ្នែកផ្សេងៗនៃផ្កាមានអ្វីខ្លះ? ចូរប្រៀបធៀបផ្កាផ្សេង
ចំ. ផ្នែកផ្សេងៗនៃផ្កាមាន ត្របកផ្កា ស្រទាប់ផ្កា កញ្ចុំកេសរញី និង​កញ្ចុំកេសរឈ្មោល។ ប្រៀបធៀបផ្កាផ្សេងៗគឺៈ
-   លក្ខណៈដូចគ្នាៈ ត្របក ស្រទាប់ កញ្ចុំកេសរញី និងឈ្មោល។
-   លក្ខណៈខុសគ្នាៈ ទំហំ រូបរាង ក្លិន ពណ៌ទ្រង់ទ្រាយ ចំនួនកេសរញី និងឈ្មោល។
9.   តើសរីរាង្គភេទនៃរុក្ខជាតិអង់ស្យូស្ពែមជាអ្វី? តើវាមាននាទីដូចម្ដេចខ្លះ?
ចំ. សរីរាង្គភេទរុក្ខជាតិអង់ស្យូស្ពែមជាផ្កា។ វាបង្កើតកោសិកាបន្តពូជឈ្មោល និងញី ហើយធ្វើអោយមានការបង្កកំណើត ។
10.  តើសរីរាង្គបន្តពូជឈ្មោលរបស់ផ្កានីមួយៗគឺជាអ្វី? តើសរីរាង្គបន្តពូជឈ្មោលរបស់ផ្កានីមួយៗមានប៉ុន្មានផ្នែក? អ្វីខ្លះ? តើផ្នែក​ណាដែលផលិតគ្រាប់លំអង?
ចំ. សរីរាង្គបន្តពូជឈ្មោលនៃផ្កានីមួយៗគឺកញ្ចុំកេសរឈ្មោល។ វា​មាន​ពីរ​ផ្នែកគឺ  ទងកេសរឈ្មោល និងប្លោកលំអង។ ផ្នែកដែលផលិត​គ្រាប់​លំអងគឺ ប្លោកលំអង។
11.  តើសរីរាង្គបន្តពូជញីរបស់ផ្កានីមួយៗគឺជាអ្វី? តើសរីរាង្គបន្តពូជញីរបស់ផ្កានីមួយៗមានប៉ុន្មានផ្នែក? អ្វីខ្លះ? តើផ្នែកណាដែលមានកំណថង់អំប្រ៊ីយ៉ុង និងកាម៉ែតញី?
ចំ. សរីរាង្គបន្តពូជញីរបស់ផ្កានីមួយៗ គឺកញ្ចុំកេសរញី។ វាមានបីផ្នែកគឺ​ ស្ទិច​ម៉ាត កកេសរញី​ និងអូវែ។ ផ្នែកដែលមានកំណថង់អំប្រ៊ីយ៉ុង និង​កាម៉ែតញី គឺអូវែ។
12.  តើប្លោកលំអងគឺជាអ្វី?
ចំ. ប្លោកលំអង ជាទម្រង់មួយដែលមានរាងជាថង់ស្ថិតនៅខាងចុងទងកេសរឈ្មោល។ វាផលិតគ្រាប់លំអង។​
13.  តើគ្រាប់លំអងគឺជាអ្វី? តើនៅពេលណាដែលគ្រាប់លំអង​​ហើរតាមខ្យល់?
ចំ. គ្រាប់លំអង​ ជា​ទម្រង់មួយដែលមានណ្វៃយ៉ូអាប្លូអ៊ីតពីរគឺ ណ្វៃយ៉ូលូតលាស់ និង​ណ្វៃយ៉ូបន្តពូជ។ វាផលិតកាម៉ែតឈ្មោល។​ គ្រាប់លំអង​ហើរ​​តាមខ្យល់ពេលគ្រាប់លំអងទុំ ប្លោកលំអងផ្ទុះបែក រួចបញ្ចេញគ្រាប់លំអងទៅក្នុងខ្យល់
14.  តើអ្វីទៅជាស្ទិចម៉ាត? តើវាមាននាទីដូចម្ដេច? តើសភាពស្អិតរបស់ស្ទិចម៉ាតមាន​ប្រយោជន៍​អ្វី​ចំពោះ​ផ្កា​?
ចំ. ស្ទិចម៉ាត ជាផ្នែកកំពូលនៃកញ្ចុំកេសរញី។ វាទទួលយក​គ្រាប់លំអង។ សភាពស្អិត​របស់ស្ទិច​ម៉ាត​មាន​ប្រយោជន៍ចំពោះ​​​​​ផ្កាគឺ ទទួលយកគ្រាប់លំអងកុំអោយជ្រុះ។
15.  ដូចម្ដេចហៅថា ដំណើរលំអង? តើដំណើរលំអងមានប៉ុន្មាន​យ៉ាង? អ្វីខ្លះ? ចូររៀបរាប់។
ចំ. ដំណើរលំអង ជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅលើស្ទិច​ម៉ាត។ ដំណើរលំអងមានពីរ​យ៉ាងគឺ
-   ដំណើរលំអងឯង ឬស្វ័យដំណើរលំអង ជាការផ្ទេរគ្រាប់លំអងនៃប្លោកលំអងទៅលើស្ទិចម៉ាតនៃផ្កាតែមួយ
-   ដំណើរលំអងកាត់ ជាការផ្ទេរគ្រាប់លំអងនៃប្លោកលំអងនៃផ្ការុក្ខជាតិ១ទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិ​​១ទៀត​។
16.  តើពណ៌ស្រស់ស្អាត និងក្លិនក្រអូបនៃផ្កាមានប្រយោជន៍អ្វី? តើភ្នាក់ងារអ្វីខ្លះជាអ្នកនាំដំណើរលំអង?
ចំ. ពណ៌ស្រស់ស្អាត និងក្លិនក្រអូបនៃផ្កាមានប្រយោជន៍ក្នុងការទាក់​ទាញសត្វល្អិត។ ភ្នាក់ងារជាអ្នកនាំដំណើរ​​លំអងមាន ទឹក ខ្យល់ បក្សី មនុស្ស ប្រចៀវ ជ្រឹង សត្វល្អិត…។
17.  ហេតុអ្វីបានជាមនុស្សធ្វើដំណើរលំអងសិប្បនិម្មិត? តើសត្វ​​ល្អិតអាចនាំគ្រាប់លំអង​ដោយរបៀប​ណា?
ចំ. ​បានជាមនុស្សធ្វើដំណើរលំអងសិប្បនិម្មិត ព្រោះគេចង់បង្កាត់រុក្ខ​ជាតិមានលក្ខណៈពិសេសៗ (ពូជថ្មី) ដែលគេចង់បាន។ សត្វល្អិតអាចនាំគ្រាប់លំអងដោយការទាក់ទាញរបស់ផ្កា។ នៅពេល​ឃើញ​ផ្កា​មាន​ពណ៌ស្រស់ និងក្លិនក្រអូប សត្វល្អិតទៅទុំលើផ្កា​ដោយត្រដុសនឹងប្លោកលំអង ហើយក៏ត្រូវ​គ្រាប់​លំអង​រោយពាសពេញខ្លួន។ ពេលសត្វទុំលើផ្កាមួយទៀត គ្រាប់លំអងដែលជាប់នឹងសត្វល្អិតក៏ធ្លាក់លើ​ស្ទិចម៉ាតរបស់ផ្កានោះ។
18.  តើផ្នែកណារបស់ផ្កាដែលមានដំណើរលំអង?
ចំ. ផ្នែករបស់ផ្កាដែលមានដំណើរលំអង គឺគ្រាប់លំអង។  
19.  រុក្ខជាតិមួយដើម ស្លឹកមានទ្រនុងស្របផ្ការបស់វាមានស្រទាប់ តើរុក្ខជាតិនេះស្ថិតនៅក្រុមណា?
ចំ. រុក្ខជាតិមួយដើម ស្លឹកមានទ្រនុងស្រប ផ្ការបស់វាមាន ៣ ស្រទាប់ រុក្ខជាតិនេះស្ថិតនៅ​ក្រុម​ម៉ូណូ​កូទីលេដូន។
20.  តើផ្នែកណានៃគ្រាប់លំអង ដែលមាននាទីនាំ​ស្ពែម៉ាតូ​សូអ៊ីត​ទៅជួបអូអូស្វ៊ែ?
ចំ. ផ្នែកដែលនាំស្ពែម៉ាតូសូអ៊ីតទៅជួបអូអូស្វ៊ែគឺ បំពង់លំអង។
21.  តើគ្រាប់លំអង និងស្ប៉មានលក្ខណៈដូចគ្នាអ្វីខ្លះ? តើ​ការ​បង្ក​កំណើតនៃរុក្ខជាតិអង់ស្យូស្ពែម​អោយ​កំណើត​​ជាអ្វីខ្លះ?
ចំ. គ្រាប់លំអង និងស្ប៉មានលក្ខណៈដូចគ្នាគឺ វាមានទម្រង់តូចល្អិត ហើយជាកោសិកាអាប្លូអ៊ីតដូចគ្នា។ ការបង្ក​កំណើតរបស់រុក្ខជាតិ​អង់​ស្យូស្ពែម អោយកំណើតជាស៊ីកូត ដែលនឹងលូតលាស់ជា​អំប្រ៊ី​យ៉ុង និងអាល់ប៊ុយមែនដែលជាម៉ាសកោសិកាមួយ​ផ្ទុកអាហារ​បម្រុង។
22.  តើដំណើរលំអងសិប្បនិម្មិត ជាដំណើរលំអងកាត់ ឬដំណើរលំអងឯង? ចូរបញ្ជាក់អំណះអំណាង។
ចំ. ដំណើរលំអងសិប្បនិម្មិត ជាដំណើរលំអងកាត់ ព្រោះដំណើរលំអងសិប្បនិម្មិត ជាការផ្ទេរគ្រាប់​លំអង​ពីប្លោកលំអ​​ដែលត្រូវបញ្ជូនដោយសារមនុស្សពីផ្ការុក្ខជាតិមួយ ទៅលើស្ទិចម៉ាតផ្ការុក្ខជាតិមួយ​ផ្សេង​ទៀត​។
23.  ប្រៀបធៀបស្វ័យដំណើរលំអងនិងដំណើរលំអងកាត់។
ចំ. ប្រៀបធៀបស្វ័យដំណើរលំអង និងដំណើរលំអងកាត់ៈ
-   លក្ខណៈដូចគ្នាៈ ផ្ទេរគ្រាប់លំអងទៅលើស្ទិចម៉ាត។
-   លក្ខណៈខុសគ្នាៈ
· ស្វ័យដំណើរលំអង ជាការផ្ទេរគ្រាប់លំអងពីប្លោក​ លំអងទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតតែមួយ។
· ដំណើរលំអងកាត់ ជាការផ្ទេរគ្រាប់លំអងពីប្លោក លំអងនៃផ្ការុក្ខជាតិ១ ទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិ​​​​​​ផ្សេងទៀត។
   III.      ការបន្តពូជរបស់អង់ស្យូស្ពែម
1.   តើកំណគ្រាប់លំអងប្រព្រឹត្តទៅនៅឯណា? ហើយវា​ប្រព្រឹត្តទៅដូចម្ដេច?
ចំ. កំណគ្រាប់លំអងប្រព្រឹត្តទៅក្នុងប្លោកលំអង។ ដំណើរកំណ​គ្រាប់​លំអងៈ ក្នុងប្លោកលំអង​មាន​ស្ប៉​អាប្លូអ៊ីតដែលកើតឡើងតាមចំណែកមេយ៉ូស។ ស្ប៉នីមួយៗ​ចែកខ្លួនមួយដងតាម​មីតូស រួចលូត​លាស់​ជា​​គ្រាប់​លំអង។ គ្រាប់លំអងនីមួយៗមានណ្វៃយ៉ូអាប្លូអ៊ីតពីរគឺ ណ្វៃយ៉ូបន្ត​ពូជ និងណ្វៃយ៉ូ​​លូត​លាស់។
2.   តើថង់លំអង និងកាម៉ែតញីកកើតឡើងយ៉ាងដូចម្ដេច?
ចំ. កោសិកាមេមួយរងចំណែកមេយ៉ូសបង្កើតបានស្ប៉អាប្លូអ៊ីត ៤ តែ​​ងាប់អស់ ៣សល់មួយ​រង​មីតូស​បីដង​បង្កើត​​ជា ថង់កំណ។ ថង់កំណ​នេះមាន​កោសិកា​ ៧  និងណ្វៃយ៉ូ ៨ ។
3.   តើដំណុះគ្រាប់លំអងប្រព្រឹត្តទៅដូចម្ដេច ក្រោយពីវា​ធ្លាក់លើស្ទិចម៉ាត?
ចំ. ក្រោយពីធ្លាក់លើស្ទិចម៉ាត គ្រាប់​លំអងក៏ដុះពន្លកឡើង រួចពន្លូតខ្លួនជាបំពង់លំអងរហូតដល់អូវុល។ ណ្វៃយ៉ូទាំងពីរធ្វើដំណើរក្នុងបំពង់លំអង។ ណ្វៃយ៉ូលូតលាស់ហាក់ដូចជានាំដំណើរលូតលាស់​នៃ​បំពង់លំអង ហើយរលាយបាត់ទៅវិញ តែណ្វៃយ៉ូបន្តពូជចែកខ្លួនតាមមីតូស​​បង្កើតស្ពែម៉ាតូសូអ៊ីតពីរគ្មាន​ផ្លាសែល។ នៅពេល​​​​​បំពង់​​លំអងប៉ះនឹងថង់កំណ​​​របស់អូវុល ស្ពែម៉ាតូសូអ៊ីតក៏ចូលទៅក្នុងថង់កំណតាម​​មីក្រូពីល។
4.   ដូចម្ដេចហៅថា ការបង្កកំណើតទ្វេ? ចូររៀបរាប់​សង្ខេប​ពីដំណើរ​ប្រព្រឹត្តទៅ នៃការបង្កកំណើត​ទ្វេរបស់​​​រុក្ខជាតិ​អង់ស្យូស្ពែម។
ចំ. ការបង្កកំណើតទ្វេ ជាការបង្កកំណើតពីរដងក្នុងពេលតែមួយ។​ ដំណើរ​​ប្រព្រឹត្តទៅៈ
-   ស្ពែម៉ាតូសូអ៊ីតទី១ (n) បង្កកំណើតនឹងអូអូស្វ៊ែ (n) បង្កើត​​ស៊ីកូត (2n) រួចលូតលាស់​​ជាអំប្រ៊ីយ៉ុង។
-   ស្ពែម៉ាតូសូអ៊ីតទី២ (n) រលាយជាមួយណ្វៃយ៉ូប៉ូលែ (2n)  បង្កើត​​​ជាអាល់ប៊ុយមែនទ្រីប្លូអ៊ីត(3n)
5.   ចូរប្រៀបធៀបគ្រាប់លំអង និងមីក្រូស្ប៉។
ចំ. ប្រៀបធៀបគ្រាប់លំអង និងមីក្រូស្ប៉ៈ
+ ចំណុចដូចគ្នាៈ មានទម្រង់តូចល្អិត ជាកោសិកាអាប្លូអ៊ីត
+ ចំណុចខុសគ្នាៈ
-  មីក្រូស្ប៉ៈ មីតូស១ដងបង្កើតគ្រាប់លំអង ៤ ណ្វៃយ៉ូអាប្លូអ៊ីត ១ ជាអ្នកបង្កើតគ្រាប់លំអង។
-  គ្រាប់លំអងៈ កើតពីមីក្រូស្ប៉មីតូស១ដង ណ្វៃយ៉ូអាប្លូអ៊ីត២ ជាអ្នកបង្កើតកាម៉ែតឈ្មោល។
6.   តើការបង្កកំណើតនៃផ្កាអាចកើតមានឡើងពេលណា?
ចំ. ការបង្កកំណើតរបស់ផ្កាអាចកើតមានឡើង នៅពេលដែលគ្រាប់លំអងធ្លាក់​ទៅលើស្ទិចម៉ាត​នៃផ្កា​ប្រភេទ​តែមួយ រួចដុះពន្លកពន្លូតជាបំពង់លំអងចូលទៅដល់ថង់កំណ ដែលនៅទីនោះការ​បង្ក​កំណើត​នឹងកើតមានឡើង។
7.   គេថាគ្រាប់លំអងមិនមែនជាកាម៉ែតឈ្មោលទេ។ តើ​ពិត ឬទេ? ចូរបញ្ជាក់អំណះអំណាងរបស់អ្នក។
ចំ. គ្រាប់លំអងមិនមែនជាកាម៉ែតឈ្មោលទេ គឺវាជាអ្នកបង្កើតស្ពែម៉ាតូ​សូអ៊ីត។  គ្រាប់លំអងមាន​ណ្វៃយ៉ូ​អាប្លូអ៊ីតពីរគឺៈ
-   ណ្វៃយ៉ូលូតលាស់ៈ ជាអ្នកនាំដំណើរលូតលាស់នៃបំពង់ លំអងចាក់ចូលដល់អូវុល ហើយ​ក៏​រលាយ​បាត់។
-   ណ្វៃយ៉ូបន្តពូជៈ ចែកខ្លួនតាមមីតូសបង្កើតបានស្ពែម៉ាតូ សូអ៊ីតពីរ។
8.   ចំពោះរុក្ខជាតិ តើអូវុលជាកាម៉ែតញី ឬទេ? ចូរបញ្ជាក់​អំណះ​អំណាងរបស់អ្នក។
ចំ. ចំពោះរុក្ខជាតិ អូវុលមិនមែនជាកាម៉ែតញីទេ ព្រោះអូវុលជា​​ទម្រង់​ពហុកោសិកា ដែលមាន​កោសិកា​មេមួយ​សំរាប់ធ្វើមេយ៉ូសបង្កើតស្ប៉បួន ស្ប៉បីងាប់ ស្ប៉ ១ សល់មីតូសបី​ដងបង្កើត​ជា​ថង់​កំណ​មួយ​មាន​កោសិកា និងណ្វៃយ៉ូ
9.   តើអំប្រ៊ីយ៉ុងរបស់រុក្ខជាតិលូតលាស់ពីអ្វី? តើអាល់ប៊ុយ​មែននៃគ្រាប់រុក្ខជាតិកើតឡើងពីអ្វី?
ចំ. ប្រ៊ីយ៉ុងរបស់រុក្ខជាតិលូតលាស់ពីស៊ីកូត (2n) ដែលកើត ពីការ​បង្កកំណើតរវាងស្ពែម៉ាតូសូអ៊ីត និងអូអូស្វ៊ែ។ វាធ្វើ មីតូស ហើយ​លូត​លាស់ជាអំប្រ៊ីយ៉ុង។ អាល់ប៊ុយមែននៃគ្រាប់រុក្ខជាតិកើត​ឡើង​ពីការរលាយចូលគ្នា នៃស្ពែម៉ាតូសូអ៊ីត​​​ទី ២ នឹងណ្វៃយ៉ូប៉ូលែបង្កើតអាល់ប៊ុយមែនទ្រីប្លូអ៊ីត។
10.  ដូចម្ដេចដែលហៅថា ស្ប៉រ៉ូភីត? កាម៉ែតូភីត? តើការ​ឆ្លាស់​​កំណើតនៃស្ប៉រ៉ូភីត និងកាម៉ែតូភីតឆ្លងកាត់​វគ្គអ្វី​ខ្លះ​?​​ តើបាតុភូតអ្វីខ្លះ ដែលប្រព្រឹត្តឡើងនៅដំណាក់​ចាប់​​ផ្ដើមនៃវគ្គនីមួយៗ?
ចំ. ស្ប៉រ៉ូភីត ជាទម្រង់នៃរុក្ខជាតិដែលផលិតស្ប៉។ កាម៉ែតូភីត​ ជាទម្រង់នៃរុក្ខជាតិដែលផលិតកាម៉ែត។ ការឆ្លាស់​កំណើត​នៃ​ស្ប៉រ៉ូ​ភីត និងកាម៉ែតូភីតឆ្លងកាត់វគ្គឌីប្លូអ៊ីតនិងអាប្លូអ៊ីត។ បាតុភូតដែល​​ប្រព្រឹត្ត​ឡើង នៅដំណាក់ចាប់ផ្ដើមនៃវគ្គនីមួយគឺៈ
-   វគ្គឌីប្លូអ៊ីតៈ គឺការបង្កកំណើត។
-   វគ្គអាប្លូអ៊ីតៈ គឺមេយ៉ូស។
11.  តើអំប្រ៊ីយ៉ុងរបស់រុក្ខជាតិមានអ្វីខ្លះ? ហើយវាចិញ្ចឹមជីវិត​ដោយសារអ្វីខ្លះ?
ចំ. អំប្រ៊ីយ៉ុងរបស់រុក្ខជាតិមានកូទីលេដុង ពន្លកដើម និងពន្លកឬស ហើយ​វាចិញ្ចឹមជីវិតដោយសារអង់ដូស្ពែមដែល​​​ផ្ទុកអាហារអំប្រ៊ីយ៉ុងរហូតដល់វាអាចផលិតអាហារ ដោយ ខ្លួនឯងបាន។
12.  តើគ្រាប់នីមួយៗមានប៉ុន្មានផ្នែក? អ្វីខ្លះ?
ចំ. គ្រាប់នីមួយៗមានបីផ្នែកគឺ សំបកគ្រាប់ អំប្រ៊ីយ៉ុង និងអង់ដូស្ពែម។
13.  តើទម្រង់ដែលផលិតកាម៉ែតហៅថាអ្វី? ហើយកោសិកា​នីមួយៗមានក្រូម៉ូសូមដូចម្ដេច?
ចំ. ទម្រង់ផលិតកាម៉ែតហៅថាកាម៉ែតូភីត។ កោសិកា​នីមួយ​​ៗ​នៃ​កាម៉ែតូភីតមានក្រូម៉ូសូមអាប្លូអ៊ីត (n)។
14.  តើទម្រង់ដែលផលិតស្ប៉ហៅថាអ្វី?​ ហើយកោសិកា​នីមួយៗ​មានក្រូម៉ូសូមដូចម្ដេច?
ចំ. ទម្រង់ផលិតស្ប៉ហៅថា ស្ប៉រ៉ូភីត។ កោសិកា​នីមួយ​​ៗ​នៃ​ស្ប៉រ៉ូភីតមានក្រូម៉ូសូមឌីប្លូអ៊ីត (2n)។
15.  តើវដ្ដជីវិតរបស់រុក្ខជាតិមានផ្កា ឬអង់ស្យូស្ពែមមាន​ប៉ុន្មាន​ដំណាក់ ? ចូររៀបរាប់។
ចំ. វដ្ដជីវិតនៃការបន្តពូជរបស់រុក្ខជាតិមានផ្កាមានដំណាក់គឺ ដំណាក់ផ្កា និងដំណាក់គ្រាប់។ ក្នុងប្លោកលំអងមាន​គ្រាប់​លំអង។ ក្រោយចែកខ្លួនតាមមីតូស ណ្វៃយ៉ូទី ២ នៃគ្រាប់លំអងបង្កើត​បានស្ពែម៉ាតូសូអ៊ីត២។ អូវែផ្ទុកអូវុល។ ក្រោយមេយ៉ូស​កោសិកាមេ​ក្នុង​អូវុល បង្កើតបានស្ប៉អាប្លូអ៊ីត ៤ តែស្ប៉ ៣ ងាប់ សល់ស្ប៉ ១ចែកខ្លួនបីដងតាមមីតូស​​បង្កើតបានថង់កំណ។ ក្នុងថង់កំណមានអូអូស្វ៊ែមួយ​ជួបនឹងស្ពែម៉ាតូសូអ៊ីតទី១បង្កើតស៊ីកូត រួចលូត​លាស់ជាអំប្រ៊ីយ៉ុង ឯស្ពែម៉ាតូសូអ៊ីតទី ២ ​ជួបនឹងណ្វៃយ៉ូប៉ូលែបង្កើតអាល់​ប៊ុយ​មែន។ គ្រាប់ដុះបង្កើតបានជារុក្ខជាតិថ្មី។
    IV.      ប្រៀបធៀបម៉ូណូកូទីលេដូន និងឌីកូទីលេដូន
1.   តើរុក្ខជាតិអង់ស្យូស្ពែមចែកជាប៉ុន្មានថ្នាក់? អ្វីខ្លះ?
ចំ. រុក្ខជាតិអង់ស្យូស្ពែមចែកជា ថ្នាក់គឺម៉ូកូទីលេដូន និងឌីកូទីលេដូន។
2.   គេសម្គាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារអ្វី?
ចំ. សម្គាល់រុក្ខជាតិឌីកូទីលេដូនបានដោយសារៈ
-        គ្រាប់មានកូទីលេដុង
-        ស្លឹកមានទ្រនុងបែកខ្នែង
-        ផ្កាមាន ស្រទាប់
-        ដើមមានបាច់សរសៃនាំជារង្វង់
-        ឬសកែវ។
3.   គេសម្គាល់រុក្ខជាតិម៉ូណូកូទីលេដូនបានដោយសារអ្វី?
ចំ. គេសម្គាល់រុក្ខជាតិម៉ូណូកូទីលេដូនបានដោយសារៈ
-        គ្រាប់មានកូទីលេដុង ១
-        ស្លឹកមានទ្រនុងស្រប
-        ផ្កាមានស្រទាប់ ឬគំរូ
-        ដើមមានបាច់សរសៃនាំរាយប៉ាយ
-        ឬសស្ញែ។
4.   តើពោតជារុក្ខជាតិម៉ូណូកូទីលេដូនរឺឌីកូទីលេដូន?ព្រោះ​អ្វី?
ចំ.  ពោតជារុក្ខជាតិម៉ូណូកូទីលេដូន ព្រោះវាមានៈ
-   គ្រាប់មានកូទីលេដុងតែមួយ
-   ផ្កាមានស្រទាប់បី​
-   ស្លឹកវែងមានទ្រនុងស្រប
-   បាច់សរសៃនាំស្ថិតនៅរាយប៉ាយ
-   ដើមទោល។
5.   ចូរប្រៀបធៀបរុក្ខជាតិម៉ូណូកូទីលេដូននិងម៉ូណូកូទីលេដូន។
1.    ចំ. ប្រៀបធៀបរុក្ខជាតិម៉ូណូកូទីលេដូន និងម៉ូណូកូទីលេដូនៈ
-     លក្ខណៈដូចគ្នាៈ ជារុក្ខជាតិមានផ្កា មានគ្រាប់ការពារដោយសំបក មានកូទីលេដុង និងមានបាច់សរសៃនាំ។
-     លក្ខណៈខុសគ្នាៈ
ម៉ូណូកូទីលេដូន
ឌីកូទីលេដូន
-      គ្រាប់មានកូទីលេដុង ១
-      ស្លឹកមានទ្រនុងស្រប
-      ផ្កាមានស្រទាប់ ៣
-      ដើមមានបាច់សរសៃនាំ ស្ថិតនៅរាយប៉ាយ
-      ឬស ជាឬសស្ញែ។
-   គ្រាប់មានកូទីលេដុង ២
-   ស្លឹកមានទ្រនុងបែកខ្នែង
-   ផ្កាមានស្រទាប់ ៤ ឬ ៥
-   ដើមមានបាច់សរសៃនាំស្ថិត នៅជារង្វង់
-   ឬស ជាឬសកែវ។
      V.   ផលប្រយោជន៍របស់រុក្ខជាតិមានគ្រាប់ 
1.   តើរុក្ខជាតិអង់ស្យូស្ពែមានប្រយោជន៍អ្វីខ្លះ? ចូរលើក​ឧទាហរណ៍អោយបានបី។
ចំ. រុក្ខជាតិអង់ស្យូស្ពែមានប្រយោជន៍ដូចជាៈ
-      ជាអាហាររបស់មនុស្ស និងសត្វ
-      ជាគ្រឿងសង្ហារឹម
-      ជាឪសថសម្រាប់ព្យាបាលជម្ងឺ
-      ធ្វើជាក្រណាត់ ឬសរសៃអំបោះ
-      ធ្វើជាកង់ឡាន។
ឧទាហរណ៍ៈ
-   ជ័រកៅស៊ូៈ យកទៅស្លក្នុងរោងចក្រធ្វើជាកង់ឡាន
-   កប្បាសៈ ច្នៃធ្វើជាសរសៃអំបោះ
-   ឈើបេង នាងនួន
-    ធ្វើជាគ្រឿងសង្ហារឹមប្រណិត។
ចប់

Subscribe to this Blog via Email :