Tuesday, July 10, 2018

មេរៀនទី1 ADN ជាទម្រព័ត៌មានសេនេទិច



មេរៀនទី1 ADN ជាទម្រព័ត៌មានសេនេទិច

     ធាតុបង្ករបស់ក្រូម៉ូសូមគឺ ADN និង ប្រូតេអ៊ីន។ ធាតុបង្កដែលជាទម្រព័ត៌មានសេនេទិចគឺ ADN ព័ត៌មានសេនេទិច ជាព័ត៌មានសម្រាប់សាងសង់លក្ខណៈរបស់សារពាង្គកាយ។
អាស៊ីតនុយក្លេអ៊ិច (AN) មាន គឺៈ
-   អាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ិច (ADN = Acid Deoxyribo Nucleic)
-   អាស៊ីតរីបូនុយក្លេអ៊ិច (ARN = Acid Ribo Nucleic)
1.     សមាសធាតុគីមីនៃព័ត៌មានសេនេទិច
1.1.  ពិសោធន៍របស់លោកគ្រីភីត
លោកគ្រីភីតកើតឆ្នាំ 1931 ជាបាក់តេរីវិទូអង់គ្លេសបានពិសោធ លើបាក់តេរីភ្នឺម៉ូកូកក្នុងគោលបំណងចង់ដឹងថា អ្វីជាព័ត៌មានសេនេទិច?
ភ្នឺម៉ូកូកជាបាក់តេរីបង្កជម្ងឺរលាកសួតយ៉ាងធ្ងន់ធ្ងរដល់ថនិកសត្វ ។ វាមានរូបរាង 2 បែបគឺៈ
-   រូបរាង S (Smooth: រលីង) មានស្រោម បង្កជម្ងឺ
-   រូបរាង R (Rough: គគ្រាត) គ្មានស្រោម មិនបង្កជម្ងឺ។
                                    ការពិសោធលោកគ្រីភីត 4 ដំណាក់គឺៈ
                    -   ចាក់បាក់តេរី S រស់ទៅក្នុងកណ្ដុរ កណ្ដុរងាប់
                    -   ចាក់បាក់តេរី R រស់ទៅក្នុងកណ្ដុរ កណ្ដុររស់
                    -   ចាក់បាក់តេរី S ងាប់ (កម្ដៅ) ទៅក្នុងកណ្ដុរ កណ្តុររស់
             -   ចាក់ល្បាយ (S ងាប់ + R រស់) ទៅក្នុងកណ្ដុរ កណ្ដុរនោះងាប់ដោយជម្ងឺរលាក​​សួត។ ក្នុងឈាម​កណ្ដុរដែលងាប់មានបាក់តេរី S​ មាន​ជីវិត។
គ្រីភីតសនិ្នដ្ឋានថា
-   បាក់តេរី R គ្មានស្រោមបំប្លែងជាបាក់តេរីS ​មានស្រោមបង្កជម្ងឺ។
-   ព័ត៌មានសេនេទិចនៃពូជបាក់តេរី R ត្រូវបានបំប្លែងដោយសារធាតុ​​ម្យ៉ាងដែលបានពីបាក់តេរី S
គ្រីភីតពុំបានអះអាងថា សារធាតុបំប្លែងនោះជាអ្វីឡើយ។
1.2.  ពិសោធន៍របស់លោកអាវឺរី ម៉ាកឡេអូដ ម៉ាកកាធី (1944)
ការពិសោធលោកអាវីរីៈ
           -   ដំបូងគាត់កិនបាក់តេរី S រួចលាយនឹងបាក់តេរី R រស់។ បន្ទាប់មកគាត់ចាក់ល្បាយនេះទៅក្នុងកណ្ដុរ កណ្ដុរងាប់ដោយជម្ងឺរលាកសួត ។ ក្នុងឈាមកណ្ដុរមានបាក់តេរី S មានជីវិត។
     -   គាត់ទាញ ADN ពីបាក់តេរី ​ S ​តាមបច្ចេកទេសគីមី រួចលាយជាមួយបាក់តេរី R ។ បន្ទាប់មកចាក់ល្បាយនេះទៅកណ្ដុរ កណ្ដុរងាប់ ដោយជម្ងឺរលាកសួតព្រោះឈាមវាមានបាក់តេរី S រស់។
គាត់សនិ្នដ្ឋានថាៈ
        - ADN បាក់តេរី S ជ្រៀតចូលបាក់តេរីR ធ្វើអោយបាក់តេរី R មានស្រោម រួចក្លាយជាបាក់តេរី S បង្កជម្ងឺរលាកសួត។
                - ADN បាក់តេរី S ជាម៉ូលេគុលបំប្លែង។    
                - ADN ជាទម្រព័ត៌មានសេនេទិច។
                           1.3.  ពិសោធន៍របស់លោកហឺស៊ី និងឆាស
              ទម្រង់របស់វីរុសបាក់តេរីយ៉ូផាស
ហ៊ឺស៊ី និងឆាសបានប្រើវីរុសមួយប្រភេទឈ្មោះថា វីរុសបាក់តេរីយ៉ូផាស ដែលរស់ជាបរាសិតលើបាក់តេរី។ វា​បង្កដោយស្នូល កណ្ដាលជា ADN និងប្រូតេអ៊ីននៅខាងក្រៅ។ វាវីរុសភ្ជាប់ខ្លួនលើបាក់ តេរីវា​បញ្ចូលសម្ភារៈ​តំណ​ពូជ​ក្នុងបាក់តេរី។
ពិសោធលោកហឺស៊ី និងឆាសគឺៈ គាត់រៀបចំវីរុស 2 ក្រុម
-   1 ក្រុមភ្ជាប់ស្ពាន់ធ័រវិទ្យសកម្ម 35 (S 35) ទៅនឹងស្រោមប្រូតេអ៊ីន
-   1 ​ក្រុមទៀតភ្ជាប់ផូស្វ័រវិទ្យុសកម្ម 32 (P 32) ទៅនឹង ADN
គាត់ភ្ជាប់​វីរុសទាំង 2  ក្រុមនេះនឹងបាក់តេរី។ ក្រោយពិសោធន៍ គាត់ឃើញ S 35 ស្ទើរតែទាំងអស់សល់ក្នុងវីរុស ឯ P 32 ស្ទើរតែទាំងអស់​​​បញ្ចូល​ក្នុង​បាក់តេរីគាត់​សន្និដ្ឋានថា វីរុសបញ្ចូល ADN ទៅក្នុងបាក់​តេរី។ ដូចនេះ ADN ពិត​ជា​ទម្រ​ព័ត៌មានសេនេទិច។
2.     ទម្រង់ម៉ូលេគុល ADN
2.1.     ធាតុបង្ករបស់ ADN
គេធ្វើអ៊ីដ្រូលីសទៅលើម៉ូលេគុល  ADN គេទទួលបានធាតុបង្ក 3 គឺៈ
-      ស្ករដេអុកស៊ីរីបូស  (C5H10O4)
-      អាស៊ីតផូស្វរិច (H3PO4)
-      បាសអាសូត ឬបាសនីទ្រិច (មាន 4 ប្រភេទគឺ A T C G)
បាសអាសូតមាន 2 ក្រុមគឺៈ
-      បាសពួរីន
·   អាដេនីន  (A = Adenine)
·   កានីន (G = Guanine)
-      បាសពីរីមីឌីន
·   ទីមីន (T = Thymine)
·   ស៊ីតូស៊ីន (C = Cytosine)
ងាយចងចាំៈ ដើម្បីចាំថា បាសប្រភេទ 2 ណាស្ថិតក្នុងក្រុមណា យើងគ្រាន់តែទន្ទេញ​តាមគោល​ការណ៍​បំពេញ​បាសគឺ ATCG ដែល TC  នៅចំកណ្ដាលជាបាសពីរីមីឌីន  និងនៅសល់ AG ជា​បាសពួរីន​​
នុយក្លេអូទីត 1 = H3PO4 1 ម៉ូ. + C5H10O4 1 ម៉ូ. + បាសអាសូត 1 ម៉ូ.
ដោយសារបាសអាសួតមាន4 ប្រភេទ ដូចនេះ នុយក្លេអូទីតរបស់ ADN ក៏មាន 4 ប្រភេទដែរគឺ
-   នុយក្លេអូទីត A = H3PO4 + C5H10O4 + A
-   នុយក្លេអូទីត T = H3PO4 + C5H10O4 + T
-   នុយក្លេអូទីត C = H3PO4 + C5H10O4 + C
-   នុយក្លេអូទីត G = H3PO4 + C5H10O4 + G
2.2.     លក្ខណៈបាសអាសូត
នៅឆ្នាំ 1951 សាហ្កាវ គីមីជីវវិទូជនជាតិអាមេរិកបានបង្ហាញនូវ បរិមាណបាសអាសូតក្នុង ADN នៃភាវរស់មួយ​ចំនួន
ប្រភេទភាវរស់
A
T
C
G
ស្វា
31,0
31,5
19,1
18,4
ដ្រូសូភីល
27,3
27,6
22,5
22,5
ថ្លើមមនុស្ស
30,3
30,3
19,8
19,5
លក្ខណៈពិសេសបាសអាសូតក្នុងម៉ូលេគុល ADN នៃភាវៈរស់​មួយ​​​គឺៈ
- បរិមាណបាសអាសូតប្រែប្រួលទៅតាមប្រភេទភាវៈរស់។
- បាស A និង T ប្រហាក់ប្រហែលគ្នាគឺ A=T បាស C និង G ប្រហាក់ប្រហែលគ្នាគឺ C=G
- បាសអាសូតមានពីរក្រុមគឺ ក្រុមពួរីន (A; G) និងពីរីមីឌីន (T; C)។​
- ផលបូករវាងបាសក្នុងក្រុមពួរីន (A+G)មាន 50% និងបាសក្នុង ក្រុម​ពីរីមីឌីន (T+C) មាន 50%
2.3.     គំរូម៉ូលេគុល ADN 
-   ជាប៉ូលីមែនៃនុយក្លេអូទីត
-    ADN កើតពីច្រវាក់នុយក្លេអូទីតពីរខ្សែស្របគ្នារុំជារង្វេលជុំវិញអ័ក្ស​​មួយដែលមានអង្កត់ផ្ចិត 2nm
-    ក្នុងច្រវាក់ម្ខាងៗនុយក្លេអូទីតភ្ជាប់គ្នា ដោយសម្ព័ន្ធកូវ៉ាឡង់រឹងមាំរវាងអាស៊ីតផូស្វរិចនៃនុយក្លេអូទីតមួយទៅ​នឹង​ស្ករ​​ដេអុកស៊ីរីបូសនៃ​​នុយ​​ក្លេអូទីតមួយទៀត​​នៅជិតគ្នា ។
-    ច្រវាក់ទាំងពីរនៃ ADN ភ្ជាប់គ្នាដោយសារសម្ព័ន្ធអ៊ីដ្រូសែន​ខ្សោយត្រង់​បាសពីរបំពេញគ្នាគឺ A​ បំពេញ T ភ្ជាប់​ដោយសម្ព័ន្ធអ៊ីដ្រូ​សែន​ 2 (A=T)​ និង C បំពេញ G ភ្ជាប់​ដោយសម្ព័ន្ធអ៊ីដ្រូសែន 3 (C G)
-   បើគេពន្លាត ADN ឲ្យ​រាបស្មើ ADN មានរាងជាជណ្ដើរមួយ​ដែល​មានមេជណ្ដើរពីរ។ 1​រង្វេល​ស្មើ 34 A0 ហើយមាន​ 10 ​គូ​នុយក្លេអូ​ទីត​។ ប្រវែងពី​នុយ​ក្លេ​អូទីត​​មួយ​ទៅនុយក្លេអូទីតមួយគឺ 3.4 A0 
ក្នុងម៉ូលេគុល ADN មួយមានសម្ព័ន្ធ 3 គឺៈ
                         -   សម្ព័ន្ធគីមីៈ កើតឡើងត្រង់ H3PO4 នៃនុយ 1 ទៅនឹង C5H10O4 នៃនុយ 1 ទៀត។
                         -   សម្ព័ន្ធគ្លីកូស៊ីតៈកើតឡើងត្រង់ C5H10O4 ទៅនឹងបាសអាសូត។
                         -   សម្ព័ន្ធអ៊ីដ្រូសែនៈ កើតឡើងត្រង់បាសអាសូតពីរបំពេញគ្នា។
3. ស្វ័យដំឡើងទ្វេ ADN
3.1.  បរិមាណ ADN ក្នុងកោសិកា
តាងបរិមាណ ADN ក្នុងកោសិកា
បរិមាណ ADN
មនុស្ស
ឆ្កែ
ដ្រូសូភីល
ថ្លើម
7,3
5,8
0,4
ស្ពែម៉ាតូសូអ៊ីត
3,65
2,9
0,2
ADN មានលក្ខណៈពិសេសដូចតទៅៈ
-      ឯកត្តៈក្នុងប្រភេទមួយមាន ADN ខុសៗគ្នា ដោយ​សារ​តំណ​លំដាប់ នុយក្លេអូទីត (ចំនួន ប្រភេទ និងទីតាំង)
-      បរិមាណ ADN ប្រែប្រួលពីប្រភេទមួយទៅប្រភេទ​មួយទៀត ។
-      បរិមាណ  ADN ប្រែប្រួលទៅតាមប្រភេទកោសិកា​( ADN កោសិកា​​​បន្ត​ពូជថយចុះពាក់កណ្ដាល​បើធៀបនឹង​កោសិកា​លូតលាស់)
-      ឯកត្តៈក្នុងប្រភេទតែមួយបរិមាណ ADN ថេរជានិច្ច ​។
ឧៈ មនុស្ស 2n=46 ទោះមនុស្សណាក៏ដោយក៏មានចំនួននេះដែរ  ករណីមិនកើតមុយតាស្យុងផ្សេងៗ។
រំលឹកៈ មុយតាស្យុង ជាការផ្លាស់ប្ដូរសម្ភារៈសេនេទិចដែលធ្វើឲ្យ កោសិកានោះខុសពីទម្រង់ដើម។ ឧៈ មនុស្ស 2n=46 តែរងមុយតាស្យុងដោយករណីលុបក្រូម៉ូសូមគូទី 5 នាំឲ្យបុគ្គលនោះកើតជម្ងឺ (សម្លេងដូចឆ្មារ)
​          មុយតាស្យុងបណ្ដាលមកពីកាំរស្មី​ X កាំរស្មីស្វាយអ៊ុលត្រា VU កាំរស្មី  អាស៊ីតនីទ្រឺ ឬអាស៊ីតអាគ្រីឌីន។ វាមាន 2 គឺៈ 
            -   មុយតាស្យុងក្រូម៉ូសូម
                              + មុយតាស្យុងទម្រង់ក្រូម៉ូសូម
                              + មុយតាស្យុងចំនួនក្រូម៉ូសូម
          -   មុយតាស្យុងសែន

3.2.     ស្វ័យដំឡើងទ្វេ ADN
ស្វ័យដំឡើងទ្វេ ADN ជាបាតុភូតដែលម៉ូលេគុល ADNមេមួអាចបង្កើតដោយខ្លួនឯងនូវ ADN កូនពីរ​ដែលដូចគ្នាបេះបិទ ហើយដូចទៅនឹងម៉ូលេគុល ADNមេ។​
. ដំណើរស្វ័យដំឡើងទ្វេ ADN
ចលនការស្វ័យដំឡើងទ្វេ​ ADN គឺៈ
- ដំបូងច្រវាក់ទាំងពីរនៃ ADN រលា។
- ច្រវាក់ទាំងពីររបស់ ADN មេត្រូវបែកចេញពីគ្នាដោយផ្ដាច់សម្ព័ន្ធអ៊ីដ្រូសែន។
    នុយក្លេអូទីតសេរីក្នងណ្វៃយ៉ូ រត់ទៅភ្ជាប់តាមគោលការណ៍បំពេញ បាស(A-T; C-G) លើច្រវាក់នុយក្លេអូទីតមេនីមួយៗរបស់ ADN​។ សំណុំ​​​ប្រតិកម្មទាំងនេះស្ថិតក្រោមអំពើនៃអង់ស៊ីម ADN​ ប៉ូលីមេរ៉ាស​​សម្គាល់ៈ
-     អេលីកាស អង់ស៊ីមដែលផ្ដាច់សម្ព័ន្ធ H2 រវាងគូបាសបំពេញគ្នា​​នៃ ADN ធ្វើឲ្យច្រវាក់​ទាំងពីរ​បែក​ចេញ​ជា​ច្រវាក់​ទោល។
-   អង់ស៊ីម ADN​ ប៉ូលីមេរ៉ាស ជាអង់ស៊ីមភ្ជាប់នុយក្លេអូទីត ADN ថ្មីៗឲ្យជាប់គ្នា ពេលវាចាប់គូបាសនឹងច្រវាក់ ADN មេ។
-   ADN លីកាស ជាអង់ស៊ីមភ្ជាប់នុយក្លេអូទីតក្បែរគ្នាឲ្យជាប់គ្នាដោយជម្រុញការ​បង្កើត​សម្ព័ន្ធ​ស្ករ-ផូស្វាត​ក្នុង​ច្រវាក់ AND 1 
. ដំឡើងទ្វេ ADN ក្នុងប្រូការីយ៉ូត
ស្វ័យដំឡើងទ្វេប្រព្រឹត្តទៅដោយចេញពីចំណុចតែមួយ រួច​ញែក ទៅតាមទិសដៅពីរ​ផ្ទុយ​គ្នា។ បាក់តេរី​អាច​ដំឡើងទ្វេល្បឿនប្រហែល 106 គូ​បាស​​​​​​ក្នុងមួយនាទី
.ដំឡើងទ្វេ ADN ក្នុងអឺការីយ៉ូត

ស្វ័យដំឡើងទ្វេប្រព្រឹត្តទៅ ដោយចេញពីចំណុចជាច្រើនក្រោម រូបភាព ភ្នែកស្វ័យដំឡើងទ្វេ រួចញែក​តាមទិសដៅផ្ទុយគ្នារហូតដល់វា​ជួប​គ្នា។ ដំឡើងទ្វេមានសភាពយឺតល្បឿនប្រហែល500-5000 ​គូបាសក្នុងមួយនាទី។
3.3.     នាទីស្វ័យដំឡើងទ្វេ
ស្វ័យដំឡើងទ្វេ ADN មាននាទីៈ
-   រ៉ាប់រងដំឡើងទ្វេក្រូម៉ូសូម។
-   រ៉ាប់រងចំនួន និងរូបរាងក្រូម៉ូសូមអោយនៅថេរ។
-   រក្សាព័ត៌មានសេនេទិចអោយនៅថេរ។
ចប់

Subscribe to this Blog via Email :